ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វេន នៅរាជធានីភ្នំពេញ។
តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ជាពិសេសរីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងមានករណីឆ្លងថ្មីបន្តកើនឡើង ជាបន្តបន្ទាប់គួរឲ្យបារម្ភ នៅកម្ពុជា ក៏ដូចជា ការកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ ក្រសួងសុខាភិបាលបញ្ជាក់ថា «សូមក្រើនរំលឹកជម្រាបជូន ដល់សាធារណជន ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់ប្រជាពលរដ្ឋទូទៅ នៅរាជធានីភ្នំពេញ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,៣៦៧,០៣៤នាក់៕