ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានត្រៀមខ្លួនជានិច្ច និងបន្តធ្វើការយ៉ាងជិតស្និទ ជាមួយភាគីវៀតណាម ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលបំរើផលប្រយោជន៍ប្រទេសទាំងពីរ។
ក្នុងឱកាសអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាល អមស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១០ កុម្ភៈ សម្ដេច ស ខេង បានថ្លែងថា ក្រោមក្របខណ្ឌនៃការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-វៀតណាម បានបង្កលក្ខណ្ឌយ៉ាងល្អប្រសើរ ហើយរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរ ដល់កិច្ចសហការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម។
សម្ដេច បញ្ជាក់ថា «ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការ និងបន្តធ្វើការយ៉ាងជិតស្និត ជាមួយសមភាគីវៀតណាម ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលបំរើដល់ផលប្រយោជន៍រួម ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានប្រាប់ សម្ដេច អំពីការត្រៀមខ្លួន ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ក្រោមសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជា វិសាលភាព នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម៕