ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសថា អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍កម្ពុជា ជាពិសេស នៅកន្លែងមាន មនុស្សច្រើនកុះករ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេសនៅកន្លែងមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូលប្រើ តែម៉ាស៊ីនត្រជាក់ ជាដើម។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ក្រសួងសុខាភិបាល អំពាវនាវ និងដាក់ចេញ ជាហូរហែរជាច្រើន នៅឡើយតែការចូលរួមអនុវត្ត ពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និង ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គល គ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។

លោកស្រី បន្ដថា នៅតាមបណ្តាប្រទេសមួយចំនួន លើសាកលលោក និងក្នុងតំបន់មានរកឃើញករណី ឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះ ក៏មានកម្ពុជាដែរ ហើយករណីស្លាប់នៅតាមបណ្តា ប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិន បានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសអូមីក្រុង នាពេលនេះឲ្យសោះ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី បានបញ្ជាក់ថា «អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឲ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ»។

លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវសារជាថ្មី ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត ដូចជា ៖ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះកុំបីអាក់ខានឲ្យសោះឡើយ។ លោកស្រីថា យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ។

លោកស្រី ផ្ដាំផ្ញើថា បើមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាល និងថែទាំនៅតាមផ្ទះឲ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិក គ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាល បានចេញផ្សាយរួចហើយឲ្យបានត្រឹមត្រូវ៕

To Top