ព័ត៌មានជាតិ

ប្រធានសភា កម្ពុជា-ឥណ្ឌា បេ្តជ្ញារួមគ្នាពង្រឹង សហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម វប្បធម៌ កាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា លោក អំ បឺរឡា ( Om Birla) បេ្តជ្ញារួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម វប្បធម៌ប្រទេសទំាង២ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងភាគីទាំង២ នៅព្រឹកថ្ងៃ២២ មេសា នាវិមានរដ្ឋសភា ។ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាង២ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ បានគ្រប់ជ្រុងជ្រោយឡើង។

សម្តេច ហេង សំរិន បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១ មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានានៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា ជាមួយសភាជាង១០០ប្រទេស នៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ចំណែក លោក អំ បឺរឡា គូសបញ្ជាក់ថា ឥណ្ឌាបានឲ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទំាងពីរ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋសភាឥណ្ឌា ក៏បានអញ្ជើញសម្តេច ហេង សំរិន បំពេញទស្សនកិច្ចនៅឥណ្ឌានាពេលខាងមុខ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌា៕

To Top