នយោបាយ

លោក ចូ បៃឌិន និងសម្តេចតេជោ ឆ្លើយឆ្លងលិខិតគ្នាទៅវិញទៅមក ចំពោះការចូលរួម ប្រជុំអាស៊ាន-អាមេរិក (Video)

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្ញើលិខតមួយច្បាប់ អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃ១២-១៣ ឧសភាខាងមុខ។ ជាមួយនឹងលិខិតអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក សម្តេចតេជោ ស្វាគមន៍ និងឆ្លើយតបចំពោះការអញ្ជើញ ។

លិខិតជូនសម្ដេចតេជោ កាលពីថ្ងៃ២០ មេសា របស់លោក បៃឌិន បានឲ្យដឹងថា “ក្នុងឱកាសកិច្ចប្រជុំកំពូល (អាមេរិក-អាស៊ាន) នោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួម របស់យើង សម្រាប់សករាជថ្មី នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក” ។

លោកចូ បៃឌិន ថា លោកទន្ទឹងរង់ចាំជួប សម្ដេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន ។

លោកប្រធានាធិបតីបន្តថា នៅចំពោះមុខនៃការប្រឈម ដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បង ដែលកើតចេញពីការប្រឈម សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើង ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណងមិត្តភាព ឲ្យកាន់តែស៊ីជម្រៅថែមទៀត រវាងប្រជាជនទាំងពីរ ដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់ ។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួម សម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់ នៅក្នុងទស្សនវិស័យអាស៊ាន ស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

ចំពោះលិខិតឆ្លើយតប សម្តេចតេជោ វិញ បានថ្លែងអំណរគុណ ប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។ សម្តេចមានសេចក្តីសោមនស្សរីករាយ នឹងចូលរួមកិច្ចប្រជុំ។

សម្តេចតេជោបញ្ជក់ថា “ខ្ញុំជឿជាក់ថាការបញ្ជាក់ជាថ្មី នូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាស រំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខមួយ ឈានទៅរកការតម្លើងភាពជាដៃគូរបស់យើង ឲ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង លើការកម្ពស់ទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ”។

ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោគូសបញ្ជាក់ជាថ្មី ពីបំណងប្រាថ្នា របស់កម្ពុជាក្នុងការខិតខំស្វែងរក កាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-សហរដ្ឋអាមេរិក លើគ្រប់វិស័យ។ សម្តេចជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់ ពិភាក្សាពីការជម្រុញ កិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន-អាមេរិក។

សម្តេច ក៏ទន្ទឹងជួបជាមួយ លោកបៃឌិន ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការជិតស្និទ្ធជាមួយគ្នា ៕

To Top