នយោបាយ

EU ៖ បោះឆ្នោតនៅកម្ពុជា គួរអនុញ្ញាតឲ្យអតីតបក្សប្រឆាំងចូលរួម និងដោះស្រាយករណីលោក កឹម សុខា

ភ្នំពេញ ៖ លោក ចូសឹប បូរ៉ែល (Josep Borrell តំណាងជាន់ខ្ពស់ និងជាអនុប្រធាន សហភាពអឺរ៉ុប (EU) បានលើកឡើងថា សម្រាប់ការបោះឆ្នោត នៅកម្ពុជា នាពេលខាងមុខនេះ គួរតែមានការអនុញ្ញាត ឲ្យអតីតគណបក្ស ប្រឆាំងចូលរួម និងដោះស្រាយ ចំពោះករណីតុលាការ ប្រឆាំងនឹងលោក កឹម សុខា។

យោងតាមសុន្ទរកថា របស់ លោក ចូសឹប បូរ៉ែល តំណាងជាន់ខ្ពស់ និង ជាអនុប្រធានសហភាពអឺរ៉ុប ថ្លែងទៅកាន់កិច្ចប្រជុំដេញ ដោលរបស់សភាអឺរ៉ុប (EU Parliament) នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ហើយត្រូវបានលោក មុត ចន្ថា មន្រ្តីជំនិតរបស់លោក កឹម សុខា យកមកបង្ហោះ ក្នុងហ្វេសប៊ុកនាថ្ងៃ១០ ឧសភា ដោយបានប្រែសម្រួលជាខេមរភាសាថា “ក្នុងទិដ្ឋភាព នៃការបោះឆ្នោតខាងមុខ កម្ពុជា គួរចាត់វិធានការ ជាបន្ទាន់ ដើម្បីបើកឡើងវិញ នូវលំហនយោបាយនៅក្នុងប្រទេ និងអនុញ្ញាតឲ្យមាន ការចូលរួមរបស់គណបក្សប្រឆាំងដែលគួរឲ្យទុកចិត្តមួយ ។ ជាពិសេស កម្ពុជាគួរអនុញ្ញាត ឲ្យមានដំណោះស្រាយ ចំពោះករណីតុលាការប្រឆាំង នឹងលោក កឹម សុខា ដែលបន្តត្រូវបានបដិសេធនូវយុត្តិធម៌ និងសិទ្ធិនយោបាយ” ។

ជាមួយនឹង សុន្ទរកថារបស់តំណាងជាន់ខ្ពស់ សហភាពអឺរ៉ុប តំណាងឲ្យរដ្ឋសមាជិកទាំង២៧រដ្ឋ និងអំណាចនីតិប្រតិបត្តិ លោក មុត ចន្ថា ក៏បានបញ្ចេញទស្សនៈដែរថា គោលជំហររបស់សហភាពអឺរ៉ុប នៅតែទាមទារឲ្យបើកឡើងវិញ នូវលំហនយោបាយ និងអនុញ្ញាតឲ្យ «គណបក្សប្រឆាំងដែលគួរទុកចិត្តមួយ» ចូលរួមនៅក្នុងការបោះឆ្នោត ។

លោកថា ក្នុងន័យដ៏ច្បាស់នេះ បក្សភ្លើងទៀន ដែលបានរត់ចេញពីសម្ព័ន្ធភាព នយោបាយអតីតគណបក្ស សង្រ្គោះជាតិដែលត្រូវបានរំលាយ មិនត្រូវបានចាត់ទុកជាបក្ស ប្រឆាំងគួរទុកចិត្តបានឡើយ ។ ប្រសិនជាគេអះអាងថា បក្សភ្លើងទៀន គឺជាបក្សប្រឆាំងធំ ឬគួរទុកចិត្ត ចុះហេតុអ្វីសហភាពអឺរ៉ុប បញ្ជាក់ជំហរ ផ្លូវការ ទាមទារឲ្យមានគណបក្ស ប្រឆាំងគួរជឿទុកចិត្តមួយ ចូលរួមក្នុងការបោះឆ្នោត បន្ទាប់ពីបក្សភ្លើងទៀន បានចុះបញ្ជីចូល រួមបោះឆ្នោតរួចហើយនោះ។

លោកបន្តថា កឹម សុខា នៅតែត្រូវបានចាត់ ទុកជាមេដឹកនាំគណបក្សប្រឆាំង គួរទុកចិត្តម្នាក់គត់ ដែលសហភាពអឺរ៉ុប នៅតែបន្តទាមទារ ឲ្យមានការផ្តល់នូវសិទ្ធិ នយោបាយជូនលោកវិញ តាមរយៈការដោះស្រាយ ចំពោះករណីតុលាការប្រឆាំង នឹងរូបលោក៕

To Top