ព័ត៌មានជាតិ

គណបក្សមូលដ្ឋាន​ យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ប្តេជ្ញាស្វែងរកសំឡេងឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅរកជ័យជម្នះ

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន​ យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ តាងនាមឲ្យសមាជិក សមាជិការបស់ខ្លួន ដែលមានជាង៥ពាន់នាក់ បានប្រកាសប្តេជ្ញាគាំទ្រ យ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងប្តេជ្ញាត្រៀមចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្វែងរកសំឡេងឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅរកជ័យជម្នះ ឲ្យខានតែបាន ។

ការប្រកាសគាំទ្រ និងប្តេជ្ញារបស់លោកបណ្ឌិត ឡី សុភាព បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនយុវជន របស់គណៈកម្មាធិការកណ្តាល គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា “វត្តមានរបស់ឯកឧត្តមប្រធាន ក្នុងពិធីនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំគណបក្សរាជធានីភ្នំពេញ ជាមួយសមាជិក សមាជិកា សកម្មជនយុវជន របស់គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សំដៅរួមគ្នាពុះពារសម្រេចឲ្យបាន នូវការប្តេចជ្ញាចិត្ត ជាយុទ្ធសាស្ត្ររបស់គណបក្ស គឺរក្សាប្រៀប និងបង្កើតប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ” ។

ជុំវិញការត្រៀម ទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ លោក ឡី សុភាព ប្រកាសថា “ត្រៀមចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្វែងរកសំឡេងឆ្នោតគាំទ្រគណបក្ស ឈានឆ្ពោះទៅរកជ័យជម្នះឲ្យខានតែបាន តាមទិសស្លោក សមាជិកគណបក្សម្នាក់ គឺជាសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក។ ជាមួយនោះក៏ចូលរួមចលនា បងប្អូន ញាតិមិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែរ និងវាយបកភ្លាមៗទៅលើកម្លាំងប្រឆាំង ឬអមិត្ត ដែលបំផ្លើសព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាលគោលនយោបាយរបស់គណបក្ស” ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ នាពេលនេះ ជាង៥០០០នាក់ ហើយពួកគាត់គឺសុទ្ធតែមានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ ។ លោកថា “តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ី ចិញ្ចឹមជីវិតបានទេ”។ ដូច្នេះលោកស្នើពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបាន ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

គួរឲ្យដឹងថា គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានចំនួន៦សាខា អនុសាខាចំនួន៣០ ក្រុមបក្សចំនួន៥០ក្រុម ក្រុមឃោសនិក និងក្រុមប្រតិកម្មរហ័ស ចំនួន២៥ក្រុម សមាជិកសរុប ចំនួន៥១៧១រូប (ស្រី២០៧១រូប) ។

សូមបញ្ជាក់ផងដែរថា យុវជនសេដ្ឋកិច្ច មានប្រភពធនធានចេញពី សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលមានលោកបណ្ឌិត សួន រិនឌី ជាប្រធានក្រុមប្រឹក្សាភិបាល អ្នកឧញ៉ា លី ហួរ និងលោក ង៉ែត ចដ្តាវី ជាអនុប្រធាន រីឯផ្នែកប្រតិបត្តិមានលោកបណ្ឌិត ឡី សុភាព ជានាយកប្រតិបត្តិ និងមានអនុប្រធាន១៤រូបជាជំនួយ ៕

To Top