ភ្នំពេញៈ ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន ៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
លោក សូមអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់ដោយរាជរដ្ឋាភិបាលជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង, ឃុំអូរ និងឃុំដំបូករូង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាតំបន់អសន្តិសុខដោយសារគ្រាប់មីន និងការវាយឆ្មក់របស់កងទ័ពខ្មែរក្រហមក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០ មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូល គឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅច្រើនកុះករ។
លោកឧត្តមសេនីយ៍ បន្ថែមថា សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លី ក៏ដូចជាការទប់ស្កាត់ និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ, តម្លាភាព, សាមគ្គីភាព និងមនោសញ្ចេតនាយល់យោគអធ្យាស្រ័យ សំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គម និងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។
លោកបន្តថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី និងតែងបានខិតខំជំរុញការអនុវត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅ និងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩ មកម្ល៉េះ ព្រមទាំងបានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។ គិតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥ លានប័ណ្ណ ដោយក្នុងនេះ មានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្ត ផងដែរ។
លោក ម៉ាណែត ក៏ សូមគោរពអរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅជាប់រហូតមក ដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌ និងត្រឹមត្រូវលើវិស័យដីធ្លី ព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌ និងគុណធម៌ រួមមានការមិនយកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ “គោលនយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី តាមរយៈបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២ មកម្ល៉េះ សំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជន ដែលបាននិងកំពុងរស់នៅ និងបង្កបង្កើនផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។
លោក បន្ថែមថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់ សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាម សម្តេចតេជោ ជាប្រធានអាស៊ាន ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋ អាមេរិក និងកាណាដារាប់ពាន់នាក់៕
































