ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ និវត្តន៍ជន នៅមានឧបសគ្គជាច្រើន ទោះបីសម្រេចបានសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាព

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ទោះបីសម្រេចបានសមិទ្ធផល យ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន យ៉ាងណាក៏ដោយ ពួកគាត់នៅមានឧបសគ្គជាច្រើន ត្រូវរួមគ្នាដោះស្រាយបន្ដទៀត ។

ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយ ចូលរួមជំរុញកិច្ចការលើកស្ទួយសុខុមាលភាព និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនឱ្យមានជីវភាពប្រសើរឡើងថែម មួយកម្រិតទៀត។

សម្តេច គូសបញ្ជាក់ថា «ថ្វីត្បិតតែយើង សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន យ៉ាងណាក៏ដោយ ក៏បងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ ជនអតីតយុទ្ធជន នៅមានឧបសគ្គជាច្រើន ទៀតដែលយើង ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទាំងនោះជាបន្ត បន្ទាប់ទៀត ក្នុងនោះយើងត្រូវបន្តពង្រឹង និងពង្រីកសេវា បណ្តុះបណ្តាល ជំនាញជាដើម ដើម្បីឲ្យបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ទទួលបាន នូវសមត្ថភាព និងលទ្ធភាពដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែល្អ ប្រសើរឡើងបន្ថែមទៀត»។

យោងតាមរបាយការណ៍របស់ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា បានឲ្យដឹងថា មកទល់ពេលនេះមាននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីត យុទ្ធជនសរុបជាង ១០ម៉ឺននាក់ និងអ្នករស់នៅក្នុងបន្ទុក ចំនួន ប្រមាណជាង ១៥ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកា ប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយបើកផ្ដល់តាមប្រព័ន្ធ ធនាគារដៃ គូនៅទូទាំង២៥ រាជធានី ខេត្ត។

លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និង កូនប្រចាំខែដូចប្រាក់វិភាជន៍ គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធផងដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរចំនួន ៥ម៉ឺនរៀល និងបានកែប្រែ និងដំឡើងរបបសន្តិសុខសង្គម ប្រចាំខែជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទាបបំផុតអោយ ដល់ចំនួន ៨០ម៉ឺនរៀលក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ៕

To Top