នយោបាយ

លោក សយ សុភាព៖ សកម្មភាពចូលរួមឃោសនា រកសំឡេងឆ្នោត របស់គណបក្សនយោបាយនានា បានលើកស្ទួយប្រជាធិបតេយ្យបែបខ្មែរ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកសកម្មភាព នៃការចូលរួមឃោសនា រកសំឡេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ គឺជាការលើកស្ទួយ ប្រជាធិបតេយ្យបែបខ្មែរ ។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីអ្នកវិភាគរត់ចោលស្រុក គឺលោក គឹម សុខ បានចាត់ទុកការចូលរួម ក្នុងការបោះឆ្នោត របស់គណបក្សនយោបាយនានា ជាពិសេសគណបក្សភ្លើងទៀននេះ គឺស្មើនឹងចូលរួម សម្លាប់ ប្រជាធិបតេ្យនៅកម្ពុជា។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជាសកម្មភាពនៃការចូលរួម លើកស្ទួយប្រជាធិបតេយ្យបែបខ្មែរ មិនហែរសពប្រជាធិបតេយ្យ ទៅបូជាឡើយ»។

លោកថា ទោះបីជាលោកត្រូវបានគេចាត់ទុកជា អ្នកកាសែតមានទំនោរគាំទ្រ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិក ២៩ ធ្នូ ១៩៩៨ ក៏ដោយ ក៏លោកត្រូវតែហ៊ានអះអាងថា ថ្នាក់ដឹកនាំនៃបក្សភ្លើងទៀន បានរួមចំណែកលើក តំកើងសិទ្ធិមនុស្ស និង លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅស្រុកខ្មែរដែរ។

ជាមួយគ្នានេះលោក សយ សុភាព ក៏បានផ្តាំទៅអ្នកទាំងឡាយណា ដែលក្បាលរឹង កុំព្យាយាមដុតស្រុកខ្មែរឱ្យសោះ។ កុំប្រើភាសាព្រហើន។

លោកបន្តថា សកម្មភាពឃោសនាថ្ងៃដំបូង សម្រេចបានលទ្ធផល រលូនណាស់ដែលបង្ហាញពីភាពចាស់ទុំ ខាងនយោបាយ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមនិងសេចក្តីណែនាំរបស់ គ.ជ.ប។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ដោយមានគណបក្សចំនួន១៧ បានចូលរួម៕

To Top