នយោបាយ

សម្ដេចតេជោ សង្ឃឹមថាបក្សនយោបាយទាំងអស់ នឹងទទួលយកលទ្ធផល ដែលប្រជាជនផ្ដល់ឱ្យ នាពេលខាងមុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ នឹងទទួលយកលទ្ធផល ដែលប្រជាជនផ្ដល់ឱ្យ នាពេលខាងមុខ។

ក្នុងសារជាសំឡេងដែលមានរយៈពេលជាង១៤នាទី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះបណ្ដាបក្សនយោបាយទាំងអស់ ដែលបានចូលរួមអនុវត្តន៍ច្បាប់ តាមរយៈនៃការរៀបចំដំណើរការ តាមច្បាប់បោះឆ្នោត និងការណែនាំ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

សម្ដេចសង្ឃឹមថា បណ្ដាបក្សនយោបាយទាំងអស់ នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្រទេសរបស់យើង នៅថ្ងៃអាទិត្យខាងមុខនេះ។

សម្ដេចតេជោបញ្ជាក់ថា «សង្ឃឹមថា យើងទាំងអស់គ្នានឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត ដែលប្រជាជននឹងផ្ដល់សម្រាប់យើង»។​ 

សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម៕

To Top