នយោបាយ

លីកាដូ៖ អាជ្ញាធរមូលដ្ឋាន ១៦រាជធានី-ខេត្ត អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត

ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ មិថុនា។

លីកាដូបន្តថា ភាគច្រើននៃករណីទាំងនេះ អាជ្ញាធរត្រូវបានមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត ។ ក្នុងករណីមួយ មេភូមិ និងអនុប្រធានភូមិ ត្រូវបានមើលឃើញថា អង្គុយនៅក្រៅច្រកចូល នៃទីតាំងបោះឆ្នោត និងតម្រូវឲ្យពលរដ្ឋ ប្រាប់ឈ្មោះពួកគាត់ ក្រោយពីការបោះឆ្នោត ។

ក្រៅពីនេះ ក៏មានការរាយការណ៍អំពី ករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះ ប្រជាពលរដ្ឋនីមួយៗ ដើម្បីសួរនាំប្រជាពលរដ្ឋ អំពីអ្នកដែលពួកគេបោះឆ្នោតឲ្យ និងការបង្ហាញវត្តមាន នៃទាហានប្រដាប់ដោយអាវុធ នៅក្បែរទីតាំងបោះឆ្នោត ។

រាជធានី-ខេត្តទាំង១៦ មានដូចជា៖ ខេត្តបន្ទាយមានជ័យ , បាត់ដំបង , កំពង់ឆ្នាំង , កំពង់ស្ពឺ , កំពង់ធំ , កណ្ដាល , កំពត , កោះកុង , ឧត្ដរមានជ័យ , រាជធានីភ្នំពេញ , ព្រៃវែង , ពោធិ៍សាត់ , សៀមរាប , ស្វាយរៀង , តាកែវ និងត្បូងឃ្មុំ៕

To Top