នយោបាយ

សង្គមស៊ីវិល បង្ហាញរបាយការណ៍ មិនប្រក្រតីមួយចំនួន នៃដំណើរការបោះឆ្នោត

ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៥ បានចេញរបាយការណ៍ស្តីពីភាព មិនប្រក្រតីមួយចំនួន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

របាយការណ៍ របស់សង្គមស៊ីវិល ស្តីពីស្ថានភាពនៃដំណើរការថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃ៧ មិថុនា បានលើកឡើងថា ពួកគេបានរកឃើញភាព មិនប្រក្រតីក្នុងដំណើរការនៅថ្ងៃបោះ និងរាប់សន្លឹកឆ្នោត ៖គឺ ១. វត្តមានអាជ្ញាធរ មានដូចជា សមាជិកភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្រ្តីនគរបាល បេក្ខជនឈរឈ្មោះ មានវត្តមានឈរនៅក្នុងបរិវេណការិយាល័យបោះឆ្នោត និង ពួកគេត្រូវបានកត់សម្គាល់ឃើញថា បានរង់ចាំកត់ឈ្មោះ អ្នកចូលទៅបោះឆ្នោត នៅខាងមុខការិយាល័យបោះឆ្នោត ឬតាមភូមិនានានៅក្នុងឃុំ-សង្កាត់។

២. ប្រជាពលរដ្ឋមិនបានបោះឆ្នោត ដោយសាររកឈ្មោះមិនឃើញ និងទិន្នន័យក្នុងឯកសារបញ្ជាក់អត្តសញ្ញាណខុសពីទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមិនមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) ខណៈអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាពប្រើប្រាស់ ឬបាត់បង់។

សង្គមស៊ីវិលក៏បានលើកឡើងថា នៅក្នុងដំណើរការរាប់សន្លឹកឆ្នោតវិញ មានភាពមិនប្រក្រតីដូចជា៖ អ្នកសង្កេតការណ៍ ត្រូវបានរារាំងមិនឲ្យចូលសង្កេត ឬមិនឲ្យថតដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួន , ដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួន ត្រូវបានសង្កេតឃើញថា ប្រព្រឹត្តទៅក្នុងស្ថានភាពបិទបាំង និង ខ្វះតម្លាភាព ដូចជាការបិទច្រកទីតាំងការិយាល័យ ព្រមទាំងបិទទ្វារបង្អួច និងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ មើលការរាប់សន្លឹកឆ្នោត , មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួន មិនបានបិទផ្សាយ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅមុខការិយាល័យបោះឆ្នោត ក្រោយដំណើរការបោះឆ្នោត បានបញ្ចប់ជាដើម ៕

To Top