ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ ថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣ ខាងមុខ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា «ម្សិលមិញ ខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលា ដែលបង្កឲ្យមានការភ័ន្តច្រឡំ»។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្សរ៍ និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣»។

សូមរំលឹកថា ក្នុងពិធីចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាថ្ងៃទី១៣ មិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពជា បានប្រកាសថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ៕

To Top