ព័ត៌មានជាតិ

សមាជិក ប.ស.ស. ជាជនពិការ នៅក្នុងខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាល អប់រំផ្លូវចិត្ត

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនពិការ បានចូលរួមសិក្សាឈ្វេងយល់ ក្នុងកម្មវិធីសមាហរណកម្ម ស្ដីពីការអប់រំសុខភាពផ្លូវចិត្ត លំហែទាំ និងផ្សព្វផ្សាយ ពីសេវាស្តារនីតិសម្បទា ដល់ជនពិការ។

ដោយទទួលបានការអនុញ្ញាតពី​ លោក​ អ៊ុក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ជាអគ្គនាយក ​បេឡាជាតិសន្តិសុខសង្គម​ (ប.ស.ស.)​ លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)​ បានបញ្ជាក់ឲ្យដឹងថា ៖ កម្មវិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួន ជាជនពិការទាំងអស់ បានយល់ដឹងអំពីចំណេះដឹងផ្នែកចិត្តសាស្រ្ត បែបសង្រ្គោះបឋម ក្នុងការជួយខ្លួនឯង បន្ទាប់ពីធ្លាក់ខ្លួនពិការ និងបានយល់ដឹងពីសេវាស្ដារនីតិសម្បទាដែល ប.ស.ស. បាននឹងកំពុងផ្តល់ជូន ពួកគាត់ផងដែរ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញឲ្យដឹងថា៖ គិតរហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកសរុបចំនួន ១​ ៩២៤នាក់ហើយ ដែលបានរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបាន សេវាស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតពី ប.ស.ស. ដែលក្នុងនោះ សមាជិក ប.ស.ស. ជាជនពិការនៅក្នុងខេត្តសៀមរាប មានចំនួន ២៣នាក់។ 

សូមបញ្ជាក់ថា ៖ កម្មវិធីខាងលើនេះ រៀបចំឡើងដោយនាយកដ្ឋានស្ដារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សហការជាមួយសាខា ប.ស.ស. ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រីជាថ្នាក់ដឹកនាំ ប.ស.ស. និងបងប្អូនសមាជិក ប.ស.ស. ជាជនពិការសរុបប្រមាណជា ៣០នាក់ ស្ថិតនៅក្នុងសណ្ឋាគារស្ដារីអង្គរ នៃទឹកដីខេត្តសៀមរាប៕

To Top