នយោបាយ

កម្ពុជា មិនពេញចិត្ត ប្រទេសមហាអំណាចខ្លះ ចូលចិត្តដាក់ទណ្ឌកម្មគេ ព្រោះមិនមែនជា ជម្រើសត្រឹមត្រូវ

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិ អាស៊ាន លើកទី១៦ (16thADMM) បានលើកឡើង នៅចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិ អាស៊ានថា ការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេស មហាអំណាចណាមួយ ទៅកាន់ប្រទេសដទៃ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ប្រទេស ដែលត្រូវបានគេដាក់នោះទេ ខណៈប្រទេសផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានលើកទី១៦ នៅទីស្តីការក្រសួង ការពារជាតិកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ បានថ្លែងថា ចំពោះការប្រើប្រាស់ទណ្ឌកម្ម ក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់ នរណាម្នាក់ គឺកម្ពុជាយល់ថា ពុំមែនជាជម្រើសត្រឹមត្រូវ សម្រាប់ដោះស្រាយបញ្ហា នោះឡើយ។

សម្ដេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់ តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាម ប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ ដែលពុំមានការពាក់ព័ន្ធ ដ៏ទៃទៀតក៏អាចទទួលរងផលប៉ះពាល់ ជាអវិជ្ជមានដូចគ្នាផងដែរ»។

ដោយឡែក ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំ ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានលើកទី១៦ ក៏បានបង្ហាញអំពីបទ ពិសោធន៍មួយចំនួន ដែលកម្ពុជាទទួលបាននាសព្វថ្ងៃនេះផងដែរ ដោយក្នុងនោះគឺកត្តាសន្តិភាព ខណៈសន្តិភាពដែលកើតចេញ ពីគោលនយោបាយឈ្នះ ឈ្នះបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍស្ទើតែគ្រប់វិស័យ ។

សូមរំលឹកថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ បានពិភាក្សាគ្នាជាច្រើនទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងបណ្តាប្រទេសនៅពិភពលោក ពិភាក្សាអំពីបញ្ហាសន្តិសុខ ក្នុងតំបន់ និងសកលលោក រួមទាំងបញ្ហាជាច្រើន ទៀតដែលភាគីទាំងអស់ នឹងខិតខំដោះស្រាយរួមគ្នា ៕

To Top