ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជ័យជម្នះដ៏ត្រចះត្រចង់ របស់បក្សប្រជាជន ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នឹងធ្វើឲ្យមានមូលដ្ឋាន ឈានទៅដណ្ដើមជ័យជម្នះ បោះឆ្នោតតំណាងរាស្ដ្រ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ពន្លឺជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឲ្យគណបក្ស មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ ឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ។

ក្នុងពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧ ចូលរួម បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។

សម្ដេចតេជោបន្ដថា ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោត តាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបន្តដឹកនាំក្នុងមូលដ្ឋាន របស់ខ្លួន។ សម្ដេចថា ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។

សម្ដេចតេជោបន្ថែមថា ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។

សម្ដេចតេជោថ្លែងបញ្ជាក់ថា «ជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ កាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ឈានទៅដណ្តើម ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឲ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយ របស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរ ផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ របស់ប្រជាជន»។

សម្ដេចតេជោឲ្យដឹងទៀតថា ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាខិតខំ ប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនជនរួមជាតិ រួចហើយនោះ ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំ-សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើង លើគ្រប់វិស័យ ប្រជាជនមានជីវភាព កាន់តែធូរធារ ហើយបន្តរស់នៅយ៉ាង សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល៕

To Top