ព័ត៌មានជាតិ

ការបោះឆ្នោតឃុំ-សង្កាត់ គឺជាការជំរុញ ការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ

កណ្តាល ៖ អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញ កិច្ចដំណើរការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ថ្លែងនៅក្នុងពិធីប្រកាស សុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកអំបិល ស្រុកស្អាង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ លោកណុប ដារ៉ា បានជំរុញមេឃុំ ជំទប់ និងក្រុមប្រឹក្សា ឃុំ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ដិនានា របស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារ ដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀន សូត្រពីគ្នាទៅវិញ ទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យ បាននូវបញ្ហា គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ខិតខំ កសាងហេដ្ឋា រចនាសម្ព័ន្ធ ក្នុងឃុំជាពិសេស ខិតខំបម្រើ ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យ ឃុំព្រែកអំបិល កាន់តែមានការអភិវឌ្ឍន៍ លើកកម្ពស់កំរិតជីវភាព ប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត ពោល គឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្ត ដោយពិតប្រាកដ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលរង បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីមានសមាសភាព មកពីគណបក្ស នយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗ គ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យ ប្រជាពលរដ្ឋ ក្នុងឃុំ ទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការ គ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ។

សូមជម្រាបថា ក្រុមប្រឹក្សាឃុំព្រែកអំបិល ដែលត្រូវបានប្រកាសសុពលភាព មានចំនួន ១១រូប ក្នុងនោះមកពីគណបក្ស ប្រជាជនកម្ពុជាចំនួន ៦រូប និងមកពីគណបក្សភ្លើងទៀន ៥រូប ៕

To Top