ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញពន្លឿនការ ស្ដារប្រឡាយបឹងត្របែក ដើម្បីកាត់បន្ថយការលិចលង់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ ត្រូវពន្លឿនការស្ដារប្រឡាយ បឹងត្របែក និងបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។

ការជំរុញរបស់លោកឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកក្កដា ២០២២នេះ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាព នៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែក ដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឲ្យក្រុមការងារ ពាក់ ព័ន្ធ កាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹក ក្នុងប្រឡាយបឹងត្របែកនេះ ឱ្យអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង ម្តងៗ ទឹកអាចហូរបានលឿន ទៅដល់មុខស្ថានីយ ដែលអាចអោយស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។

គួរបញ្ជាក់ថាប្រឡាយបឹងត្របែក ដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង ១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រ។ ជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនិងចាក់បេតុង ដើម្បីធ្វើជាផ្លូវ ឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរ ឆ្លងកាត់បានហើយក៏ជាផ្លូវមួយ ដើម្បីងាយស្រួលដាក់គ្រឿងចក្រ ធ្វើការស្តារប្រឡាយបឹងត្របែក ជាប្រចាំ ផងដែរ ៕

To Top