ព័ត៌មានជាតិ

រដ្ឋបាលជលផល ប្រកាសយក ភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេស សម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារ ពូជត្រី (Video)

ភ្នំពេញ៖ លោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា នឹងយកភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេស សម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារពូជត្រី។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសលោកអគ្គនាយក អញ្ជើញក្នុងពិធីលែងកូនត្រី ប្រមាណជាង១មឺុនក្បាល (ប្រភេទត្រីឆ្ពិននិងត្រីព្រលូង) នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ដោយតបតាមការស្នើសុំ របស់ប្រជាពលរដ្ឋក្នុងភូមិ។

លោក ពុំ ស៊ីថា បានមានប្រសាសន៍ថា ការលែងកូនត្រីនេះ គឺធ្វើឡើងស្របទៅតាម អនុសាសន៍ដ៏ខ្ពង់ខ្អស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានលើកឡើងថា «ការលែងកូនត្រី មិនមែនធ្វើតែ ក្នុងទិវាមច្ឆជាតិទេ គឺអាចធ្វើបានរាល់ថ្ងៃ»។

នៅចំពោះមុខអ្នកភូមិ លោក ពុំ ស៊ីថា បានមានប្រសាសន៏ថា «រដ្ឋបាលជលផល នឹងយកភូមិព្រៃស្នួល ធ្វើជាគំរូទូទាំងប្រទេសសម្រាប់ការអភិរក្ស និងចូលរួមថែរក្សាការពារពូជត្រី»។

ឆ្លៀតក្នុង ឱកាសនេះ លោកក៏បាន អំនាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារ និងអភិរក្សពូជត្រី ដែលមាននៅក្នុងបឹងមួយនេះ ឱ្យបានគង់វង្ស ជៀសវាង ការនេសាទដោយឧបករណ៍ ខុសច្បាប់នានា។

ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល លោក សយ សុភាព បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលជលផល ដែលបានផ្ដល់កិត្តិយស យកភូមិព្រៃស្នួល ធ្វើជាគំរូ។

លោក សយ សុភាព បានលើកឡើងដា នេះជាលើកទី១ហើយ ដែលមានពិធីលែងកូនត្រី បន្ទាប់ពីប្រឡាយត្រូវបានស្ដារ ដោយអាជ្ញាធរស្រុកសំរោង កាលពីជិត២ឆ្នាំ កន្លងទៅ។

ជាមួយគ្នានេះ លោក សយ សុភាព បានប្រាប់ដល់អ្នកនេសាទថា ចាប់ពីរដូវបិទនេសាទនេះតទៅ សូមបងប្អូនកុំមកនេសាទ ក្នុងប្រឡាយព្រៃស្នួល រហូតដល់រដូវបើកនេសាទ នៅចុងឆ្នាំនេះ៕

To Top