នយោបាយ

ឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ដឹកនាំប្រធានអាស៊ាន ជាពិសេសវិធានការ ស្វែងរកដំណោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា (Video)

ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។

ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក សាលើមសៃ គុំម៉ាស៊ីត បានអបអរសាទរសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក ។ លោកថា លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវ ជំនឿចិត្តរបស់ប្រជាជន លើការដឹកនាំនយោបាយដ៏ត្រឹមត្រូវ របស់សម្ដេច។

លោក សាលើមសៃ ក៏បានអបអរសាទរសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ។ លោកថា «ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការ ស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា» ។

រដ្ឋមន្ត្រីការបរទេសឡាវ ក៏បានសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំ គណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណលោក សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរ ពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរក ដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-ឡាវ គប្បីរួមគ្នា វាយតម្លៃ និងដាក់ចេញនយោបាយ ជួយគ្នាទៅវិញទៅមក និងបំពេញឲ្យគ្នាទៅវិញ ទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ៕

To Top