ព័ត៌មានជាតិ

វីតាល់ និង និស្សិត វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា រៀបចំមហាព្រឹត្តិការណ៍ បរិច្ចាគឈាម ទ្រង់ទ្រាយធំជាថ្មី ក្រោយខកខានដោយកូវីដ១៩

ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាម ទ្រង់ទ្រាយធំជាថ្មីឡើងវិញ ក្រោយពីការថមថយ នៃជំងឺកូវីដ១៩ ដោយបានសហការរៀបចំជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម” ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលសន្និសីទ វិទ្យាស្ថាន NPIC ក្នុងគោលបំណងបំផុស ចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែក បំពេញតម្រូវការស្តុកឈាម ដល់អ្នកជំងឺដែលកំពុងត្រូវការឈាម ជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា និងស្របជាមួយចំនួន អ្នកបរិច្ចាគឈាមមានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើងជាលំដាប់ ។

កម្មវិធីប្រព្រឹត្ត ទៅក្រោមវត្តមាន លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក មួង ផាស៊ី នាយករង វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងជាតំណាង លោកបណ្ឌិត ប៊ុន ភារិន នាយក វិទ្យាស្ថាន NPIC, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និស្សិត ដោយទទួលបានអ្នកស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ប្រមាណជិត ៣៥០នាក់ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល ពិតជាមានកិត្តិយសក្រៃលែង ដោយបានបន្ត រួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀតគឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការលើកកម្ពស់ ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានា បាននូវការផ្គត់ផ្គង់ឈាម ដោយសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះ ជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។

លោកបន្តថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ផលិតបានទេ ។ សូមកុំរង់ចាំដល់វេលាមួយ នៅពេលដែលយើងចង់ ធ្វើអំណោយឈាម បែរជាហួសពេល” ។

លោកបានបញ្ជាក់ថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១កន្លងមក យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្ដងៗ តម្រូវការឈាម ប្រចាំថ្ងៃ សរុបមានជាង២៥០ ទៅ ៣០០ ប្លោក នៅរាជធានីភ្នំពេញ ។ តម្រូវការទូទាំងប្រទេសមាន ប្រមាណជិត១០ ម៉ឺនប្លោក ដែលលើស ពីឆ្នាំមុនៗ ជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស ។ ចំណែកការទទួលឈាមតាម រយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតប បានប្រហែល ១០% នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខ ភាពពិភពលោក ។

ក្នុងនាកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមសំដែងអំណរគុណ ជាអនេកកប្បការ ចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវ ឲ្យមានការគាំទ្របន្តទៀត តាមគ្រប់រូបភាព ក្នុងយុទ្ធនាការផ្សេងៗ ក្នុងពេលខាងមុខ ។

លោកស្រី ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានចូលរួមជាដៃគូសហការ រៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រគ្រប់សកម្មភាព របស់វីតាល់ជាដរាប ។ លោកស្រី បានបន្ថែមថា កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងខណៈដែលស្ថានភាពក្នុងស្រុក សហគមក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងមានចរន្ត នៃការវិលត្រលប់មកវិញ នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្តី, វីតាល់ និង វិទ្យាស្ថាន NPIC បានធ្វើការសម្រេចចិត្ត ប្រកបដោយការ ទទួលខុស ត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន តាមគន្លងប្រក្រតីភាពថ្មី ។

លោក មួង ផាស៊ី នាយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា លើកនេះ ជាព្រឹត្តិការណ៍បរិច្ចាគឈាម ទ្រង់ទ្រាយធំលើកទី១ ដែលវិទ្យាស្ថានបានរៀបចំ និងរៀបចំជាមួយវីតាល់ ។ ដោយមើលឃើញពីតម្រូវការស្តុកឈាម មានការកើនឡើងជាលំដាប់ គួបផ្សំជាមួយដៃគូយុទ្ធសាស្រ្ត របស់យើងគឺ វីតាល់ ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ វិទ្យាស្ថានបានធ្វើការសម្រេចចិត្តប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការរៀបចំ ផ្សព្វផ្សាយ និងប្រមែលប្រមូលសាស្រ្តាចារ្យ និងនិស្សិត ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម ។

គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ៕

To Top