ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ‘No poop July’ គឺជាការសម្ដែងលេងសើចមួយ ដែលពួកគេព្យាយាមមិនបន្ទោបង់លាមក ពេញមួយខែកក្កដា ហើយវិដេអូនេះ កំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន NBC ។
វិដេអូបានបង្ហាញអ្នកសម្ដែង ដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។ នៅក្នុងវិដេអូក៏មានបង្ហាញចំនួនថ្ងៃ ដែលអ្នកសម្ដែង មិនបានបន្ទោបង់ផងដែរ។
ទោះបីជាវិដេអូខ្លីមួយនេះ គឺគ្រាន់តែជាការលេងសើច ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួន មកពីមន្ទីរពេទ្យធំៗ នៅសហរដ្ឋអាមេរិក បានធ្វើការព្រមានដល់អ្នកនិយម ប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok កុំព្យាយាមសាកល្បង នឹងការលេងសើចនេះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ខ្លាំង ដល់សុខភាពរបស់ពួកគេ។ វាអាចបណ្តាលឲ្យមានបញ្ហាដូចជា ជំងឺឬសដូងបាត ឬការពឹងផ្អែកបណ្តោះអាសន្ន លើថ្នាំបញ្ចុះលាមក ដើម្បីធ្វើឲ្យចលនាពោះវៀន មានភាពធម្មតាឡើងវិញ។
គួរបញ្ជាក់ដែរថា មានអ្នកប្រើប្រាស់មួយចំនួន ជាពិសេសអ្នកប្រើប្រាស់យុវវ័យត្រូវបានរងគ្រោះ រហូតដល់ស្លាប់ដោយសារតែប៉ុនប៉ង ធ្វើតម្រាប់តាមវិដេអូ ដែលមានក្នុងកម្មវិធី TikTok។ ជាឧទាហរណ៍ កាលពីចុងឆ្នាំកន្លងទៅ កុមារីម្នាក់ដែលមានអាយុ១០ឆ្នាំ ត្រូវបានស្លាប់នៅក្នុងរដ្ឋ Pennsylvania បន្ទាប់ពីកុមារីនោះ បានព្យាយាមធ្វើតម្រាប់ប៉ុនប៉ង ប្រឈមមុខនឹងគ្រោះថ្នាក់ “blackout challenge” ដែលត្រូវបានចែកចាយ នៅលើវេទិការបស់ TikTok ៕