តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា គណៈកម្មាធិការសភាអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ត្រូវតែមានលទ្ធផលក្នុងការ ដកចេញនូវទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកក្នុងវិធីមួយ ដើម្បីការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោក Abolfazl Amoui អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយ ការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការ ដែលបានធ្វើឡើង ដើម្បីវាយតម្លៃជុំចុងក្រោយនៃ កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន។
លោកបានលើកឡើងថា ទណ្ឌកម្មត្រូវតែត្រូវបានដកចេញក្នុងវិធីមួយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនអ៊ីរ៉ង់ និងអាចឱ្យពាណិជ្ជករ និងអ្នកជំនួញរបស់ប្រទេសនេះ ធ្វើប្រតិបត្តិការជាមួយប្រទេសផ្សេងទៀត ដោយលោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ង់ មានកាតព្វកិច្ចក្នុងការបង្ហាញរបាយការណ៍ ស្តីពីការដកទណ្ឌកម្មទៅស្ថាប័ននីតិប្បញ្ញត្តិ។
លោក Amoui បានកត់សម្គាល់ថា សភានឹងពិនិត្យមើលសេចក្តីព្រាងអត្ថបទ ដែលកំពុងត្រូវបានពិភាក្សា នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ថ្មីៗនេះសហភាពអឺរ៉ុប បានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយរង់ចាំការសម្រេចចិត្ត ផ្នែកនយោបាយពីអ្នកចូលរួមផ្សេងទៀត នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មជា ឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ ៕
ប្រែសម្រួល ឈូក បូរ៉ា