ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា-ថៃ ព្រមព្រៀងគ្នា បើកច្រកព្រំដែន អូរនាង-ប៉ារ៉ៃ និង ច្រកព្រំដែនបង្គោលសីម៉ា លេខ៤៣-ណងម៉ាក់ម៉ុន

បន្ទាយមានជ័យ: អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា ថៃ បានឯកភាពគាំបើកច្រកទ្វារព្រំដែនអូរនាងឈមភាគីថៃច្រកទ្វារព្រំដែនប៉ារ៉ៃ និងច្រកទ្វារព្រំដែនបង្គោលសីមាលេខ៤៣ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ឈមភាគីថៃច្រកទ្វារព្រំដែនណងម៉ាក់ម៉ូន ដែលកិច្ចប្រជុំទ្វេភាគីនេះគឺប្រជុំថ្នាក់ខេត្តជាប់ព្រំដែនកម្ពុជា គឺអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃខេត្តស្រះកែវកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។

ដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនកម្ពុជាថៃ ភាគីកម្ពុជាមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន និងភាគីថៃមាន លោក បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រៈកែវ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានចូលរួមជាច្រើននាក់។

លទ្ធផលនៃកិច្ចប្រជុំ មួយល្ងាចថ្ងៃច័ន្ទនេះ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នាលើ៥ចំនុចសំខាន់ៗដូចជា ១-ភាគីទាំងពីរបានឯកភាពគ្នាកំណត់យកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឈមខ្លងឡឹក ជាច្រកសម្រាប់ប្រគល់និងទទួលពលករកម្ពុជាដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញនិងត្រូវបិទ ទីតាំងប្រគល់និងទទួលច្រករបៀងអូរបីជាន់ត្ រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២តទៅ។ ២-ភាគីទាំងពីរឯកភាពអនុញ្ញាតិអោយរថយន្តនិងយានយន្តគ្រប់ប្រភេទចេញ.ចូលនៃប្រទេសទាំងពីរដែលមានឯកសារគ្រប់គ្រាន់អាចធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែននៃខេត្តទាំងពីរក្រោមលក្ខខណ្ឌដូចគ្នានិងការប្រើប្រាស់ប័ណ្ណព្រំដែន(Border Pass) អនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២តទៅ។ ៣-ភាគីទាំងពីរ ឯកភាពបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបទកក្រុងប៉ោយប៉ែតឈមច្រកណងអៀនស្រុកអារ័ញ្ញ ដើម្បីផ្តលផលប្រយោជន៍ពាណិជ្ជកម្មឆ្លងដែននិងកាត់បន្ថយការកកស្ទៈនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត.ខ្លងឡឹកប្រទេសថៃ។ ៤-ភាគីទាំងពីរឯកភាពគាំទ្រការបើកច្រកទ្វារព្រំដែនអូរនាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលឈមច្រកទ្វារព្រំដែនប៉ារ៉ៃស្រុកអារ័ញ្ញប្រាថេតខេត្តស្រៈកែវ។ ៥-ភាគីទាំងពីរ បានឯកភាពគាំទ្រដំណើរការបើកច្រកទ្វារព្រំដែនបង្គោលសីមាលេខ៤៣ឃុំអូរបីជាន់ស្រុកអូរជ្រៅឈមភាគីថៃច្រកទ្វារព្រំដែនណងម៉ាក់ម៉ូនឃុំណងម៉ាក់ម៉ូន ស្រុកគោកធ្យូងខេត្តស្រៈកែវ ដើម្បីអោយអង្គភាពពាក់ព័ន្ធចុះពិនិត្យសិក្សារួមគ្នា លើទីតាំងភូមិសាស្គ្រផ្ទាល់ ដើម្បីពន្លឿនដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អោយបានឆាប់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖កំណត់ហេតុកិច្ចប្រជុំថ្នាក់ខេត្តជាប់ព្រំដែន រវាងខេត្តបន្ទាយមានជ័យកម្ពុជា និងខេត្តស្រៈកែវប្រទេសថៃដែលត្រូវបានប្រជុំពិភាក្សាគ្នា កំណត់ហេតុទាំងនេះ នឹងត្រូវបានដាក់សំណើរទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រួតពិនិត្យ ចំពោះការសម្រេចបែបណានោះ ជម្រាបនឹងជូនពេលក្រោយ៕

To Top