ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យក្រុមហ៊ុនអ៊ីនធឺណែត តំឡើងសេវាតាមបុរី ខណៈម្ចាស់បុរីត្រូវបម្រើសេវាឲ្យបានល្អ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់ក្រុមហ៊ុនសេវាអ៊ីនធឺណែត ត្រូវតំឡើងសេវាតាមបុរី ហើយម្ចាស់បុរីទាំងឡាយ ត្រូវបម្រើអ្នករស់នៅទីនោះ ឲ្យមានសេវាទូរសព្ទ និងអ៊ីនធឺណែតឲ្យបានល្អ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ បានរំលឹកថា រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប្រកាសបញ្ចប់ភាពផ្ដាច់មុខ របស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាជាមួយបុរី។

សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាល លើកចិត្តឲ្យមានការប្រកួតប្រជែង មិនមែនលើកទឹកចិត្តផ្ដាច់មុខ សេវាអ៊ីធឺណែតនោះទេ ។ សម្ដេចថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឲ្យសិស្សអាចសិក្សាតាមរយៈអនឡាយ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំថា រដ្ឋាភិបាល អត់មានទទួលស្គាល់កុងត្រារបស់អ្នកឯងទេ រដ្ឋាភិបាល ត្រូវការនូវការប្រកួតប្រជែង នូវសេវាទាក់ទង ដូច្នេះត្រូវដំណើរការអាហ្នឹងឲ្យស្រូល ក្រុមហ៊ុននានា ត្រូវតំឡើងតាមបុរីហ្នឹង។ អត់មាន រដ្ឋាភិបាលលុបចោល ព្រោះនេះជាកិច្ចសន្យាខុសឆ្គងមួយ ស្ដីពីការប្រកួតប្រជែង ដោយសុចរិត»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់ម្ចាស់បុរីទាំងអស់ ត្រូវតែបម្រើដល់អ្នករស់នៅ ក្នុងបុរីឲ្យមានសេវាធ្វើការ។ សម្ដេចថា មានថវិការាប់ម៉ឺនដុល្លារ ទៅផ្ទះក្នុងបុរី បែរជាគ្មានសេវា ទូរស័ព្ទ ពិបាកធ្វើការ៕

To Top