ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី ជឿថា ទូតក្វាតេម៉ាឡា នឹងបន្តថែរក្សាប្រពៃណីចំណងមិត្តភាព និងប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បង្ហាញការជឿជាក់ថា ឯកអគ្គរដ្ឋទូតក្វាតេម៉ាឡា ប្រចាំកម្ពុជា នឹងបន្តថែរក្សាប្រពៃណីដ៏ល្អ នៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាតឲ្យលោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតក្វាតេម៉ាឡា ទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបជូនសារតាំង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ពីទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចជឿជាក់ថា «ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំថែរក្សា ប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់ មកហើយឲ្យកាន់តែល្អប្រសើរឡើងថែមទៀត»។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោកទូត ក៏មានជំនឿថា តាមរយៈបេសកកម្មការទូត របស់លោកនៅកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់-ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ជាមួយគ្នានេះ កម្ពុជា ជាប្រទេសមានវប្បធម៌សម្បូរបែប ជាពិសេសរមណីយដ្ឋានអង្គរ និងតំបន់ទេសចរណ៍ជាច្រើន៕

To Top