ព័ត៌មានជាតិ

សម្ដេចតេជោ មិនខ្វល់ពីមតិរិះគន់ ចំពោះការកាន់អំណាចជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសថា សម្ដេច​មិនខ្វល់ពីមតិរិះគន់ ចំពោះការកាន់អំណាច របស់សម្ដេចជានាយករដ្ឋមន្រ្តីនោះទេ។

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែបន្តប្រើពាក្យរិះគន់ សម្តេចដដែលៗ រឿងកាន់តំណែងជានាយករដ្ឋមន្ត្រីដ៏យូរអង្វែង។

ថ្លែងចេញពីក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯកនៅថ្ងៃទី១ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានលើកឡើងថាកម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើង នោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មានន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជា ឡើយ។

សម្តេចតេជោបញ្ជាក់ថា “ចង់អ្នកណាថាអីថាទៅ។ អ្នក​ឯងព្រុសតាមចិត្តចុះ។ ពាក្យថាព្រុសហើយគេមិនដែលហៅថាមនុស្សទេ។ ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿន ប្រាប់អ្នក​ឯងឲ្យច្បាស់។ អ្នកឯង រអ៊ូថា ហ៊ុន សែន កាន់អំណាចយូរណាស់។ ចុះបើ ហ៊ុន សែន ដើរចេញហើយប្រគល់ឲ្យកូនធ្វើ វាមានទាស់ក្បាលអ្នក​​​​ឯងអី។ ប្រជាជនអ្នកបោះឆ្នោតទេតើ”។

ពាក់ព័ន្ធនឹងករណី លោក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “កូនរបស់ខ្ញុំក៏ជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ដែរ”។

សម្តេចតេជោ លើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ២ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី ដោយក្នុងនោះត្រូវការសន្លឹកឆ្នោត ពីពលរដ្ឋដើម្បីក្លាយទៅជាតំណាងរាស្រ្ត ហើយដំណាក់កាលមួយទៀត បើសិនជា លោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា។

សូមរំលឹកថា លោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត៕

To Top