ព័ត៌មានជាតិ

តុលាការជម្រះលោក សម រង្សី និងគូកន៣៩នាក់ ជាប់ពាក់ព័ន្ធ នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លោក សម រង្ស៊ី និងគូកនសរុបចំនួន៣៩នាក់ ក្នុងបទល្មើសថ្មីផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើស
រួមគំនិតក្បត់តាមរយៈផែនការ ការធ្វើមាតិភូមិនិវត្តន៍ របស់លោកស្រី មូរ សុខហួរ និង លោកអេង ឆៃអ៊ាង ពីប្រទេសអាមេរិក មកកម្ពុជាដើម្បី តតាំងនឹងរឿងក្តីក្តាំរបស់ពួកគេ នៅក្នុងតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

សវនាការនេះ ត្រូវបានដឹកនាំដោយលោក ស្រីចៅក្រម អ៊ុក រ៉េតគន្ធា ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង សេង ហៀង គឺជាតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានមេធាវីការពារ ក្តីចាត់តាំងរបស់ជនជាប់ចោទទាំងអស់ បានចូលរួមផងដែរ។

យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុបចំនួន៣៩នាក់ ក្នុងនោះរួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ , លោក អេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) និងអតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន៣នាក់ ផ្សេងទៀត។

ជនជាប់ចោទទាំង៣៩នាក់ ខាងលើនេះត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ » តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

ចំពោះជនជាប់ចោទទាំង៣នាក់ ដែលត្រូវបានចាប់ឃុំខ្លួន និង បានបញ្ជូនខ្លួន មកធ្វើសវនាការនៅថ្ងៃនេះ មានឈ្មោះ : ទី១-ឈ្មោះ គង់ ម៉ាស់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ, ទី២-ឈ្មោះ ខាន់ ប៊ុនផេង ភេទ ប្រុស អាយុ៦៦ ឆ្នាំ, និង ទី៣-ឈ្មោះ វឿង សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ។

សូមបញ្ជាក់ថា: នាពេលសវនាការ, ជនជាប់ចោទទាំង៣ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ពួកគេ។

ពួកគេនិយាយថា មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ របស់តុលាការនោះទេ។ សូមឱ្យ ក្រុមប្រឹក្សាជំនុំជម្រះ តុលាការរាជធានីភ្នំពេញ មេត្តា ជួយរកយុត្តិធម៌ និង ការពិត ដល់ពួកគេផង។

សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅព្រឹកថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២២ខាងមុខនេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារកំណត់២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោតផងដែរ។

សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសកំបាំងជនជាប់ចោទ ជាគូកនផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុង ម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕

ដោយ៖ លីហ្សា

To Top