ព័ត៌មានជាតិ

សម្ដេចតេជោ៖ កិច្ចសហប្រតិបត្តិការ និងសាមគ្គីជាអន្តរជាតិ អាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកល បានដោយប្រសិទ្ធភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកលដោយប្រសិទ្ធភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អញ្ជើញចូលរួមក្នុងសន្និសីទ តាមប្រព័ន្ធអនឡាញ ជាមួយបណ្តាបក្សនយោបាយនៃប្រទេសនានា ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលធ្វើឡើងនៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ។

យោងតាមសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់ បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២% នៅត្រឹមឆ្នាំ ២០៣០ ។

ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផង ដែរ ។ កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជានៅក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ វិនិយោគថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង, សេដ្ឋកិច្ចចក និងកិច្ច ការពារបរិស្ថាន ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាពិតណាស់! បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះ មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដី យើងពីគ្រោះមហន្តរាយទាំងឡាយ សម្រាប់ជនានុជន របស់យើងជារៀងដរាបតទៅ ។

សម្ដេចមានជឿជាក់ថា យើងទាំងអស់ពិត ជាអាចធ្វើបាន ។

សម្ដេចបានលើកឡើង ជាឧទាហរណ៍ល្អៗជាច្រើន នៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យសម្ដេចមានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់ បញ្ហាទាំងនេះ ជាមួយគ្នាបាន ។

ជាទិសដៅបន្ត សម្ដេចយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌ និង ជំនឿសាសនាដោយឡែក ។ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍដល់ ប្រទេសកំពុងអភិវឌ្ឍ គឺជាប្រការចាំបាច់ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ឱ្យ កាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះ យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយ តបទៅនឹង ភាពបន្ទាន់ នៃបញ្ហាបរិស្ថានសកល ។

សម្ដេចថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយយើងត្រូវការដៃគូ ទាំងសាធារណៈ និង ឯកជន ដើម្បីជួយយើងសម្រេចបាននូវការប្តេជ្ញាចិត្តទាំងនេះ ៕

To Top