នយោបាយ

លោក ញឹក ប៊ុនឆៃ មិនខ្លាចបាត់បង់តួនាទី ជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ ក្រោយចាប់ដៃជាមួយ គណបក្សកម្ពុជានិយម

ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួបរួមជាតិប្រកាសថា លោកមិនខ្លាចបាត់បង់តួនាទី ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយចាប់ដៃជា មួយគណបក្សកម្ពុជានិយមនោះទេ។

ការអះអាងរបស់ លោក ញឹក ប៊ុនឆៃ នេះ បន្ទាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមួយរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឬទ្ធិ អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ។

ការលើកឡើងនេះក៏បន្ទាប់ពីលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ត្រូវបានព្រះមហាក្សត្របញ្ចប់តួនាទីជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីពេលថ្មីៗកន្លងមកនេះ ក្រោយពីលោកបានសម្រេច ចូលរួមជាមួយគណបក្សភ្លើងទៀន ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគាសាន់វ៉េ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា «លោក គង់ មូនីកា គាត់ជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយមានតួនាទីនៅក្នុងរដ្ឋាភិបាលហើយ គាត់យកគណបក្សទាំងមូលទៅរួបរួម គណបក្សប្រឆាំង គឺមានបញ្ហាហើយ រីឯខ្ញុំខុសពីគាត់ ខ្ញុំមានតួនាទីដូចគាត់ដែរប៉ុ ន្តែខ្ញុំមករួបរួមជាមួយគណបក្សកម្ពុជានិយម នេះគ្រាន់ដើម្បីបង្កើត ប៉ូលនយោបាយថ្មីមួយ មិនមែនជាបក្សប្រឆាំងទេ អីញ្ចឹងវាខុសគ្នា។ ខ្ញុំមិនបានព្រួយបារម្ភទេ ព្រោះតាមផ្លូវច្បាប់ មិនមានអ្វីដែលអាចបញ្ហានោះទេ»។

ចំណែក លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានអះអាងថា ការចាប់ដៃគ្នានេះ ដើម្បីធ្វើ នយោបាយសន្តិសហវិជ្ជមាន ធ្វើទំនាក់ទំនងជាមួយបរទេស ឬប្រទេសមហាអំណាច ណាក៏ដោយ គឺដើម្បីផល់ប្រយោជន៍កម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១០ តុលានេះ គណបក្សខ្មែរ រួបរួមជាតិ និង គណបក្សកម្ពុជានិយម បានប្ដេជ្ញាអនុវត្តកិច្ចព្រមព្រៀង ជាមួយគ្នាដោយឈរ លើគោលការណ៍ ៥ចំណុច ។ គោលការណ៍ទាំង៥នោះរួមមាន ៖ ១. គោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ។ ២. អនុវត្តតាមស្មារតី នៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស៍ ២៣តុលា១៩៩១ ក្នុងគោលដៅបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ បន្ដដំណើរឆ្ពោះ ទៅមុខក្នុងបុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងកសាងអនាគតថ្មីដើម្បីកម្ពុជា ។ ៣. ស្មោះត្រង់ចំពោះសង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យ ។ ៤.ស្មោះត្រង់ ជឿជាក់ និង គោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព និងសេចក្តីថ្លៃថ្នូរ ជៀសវាង
ការញុះញង់ លាបពណ៌ មួលបង្កាច់ ជេរប្រមាថ និងការបំបែកបំបាក់ ដោយប្រការផ្សេងៗ ។

និង៥-ប្រកាន់យកគោលការណ៍និយម ប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរួម ដើម្បីសង្គមជាតិចូលរួមប្រកួតប្រជែង នយោបាយដោយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ៕

To Top