ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ណែនាំមន្ដ្រីបន្ដអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ច

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់មន្ដ្រីក្រោមឱវាទ ត្រូវបន្តអភិវឌ្ឍសហគមន៍មូល ដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សាយ សំអាល់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការច្នៃប្រឌិតខ្ពស់។

លោក បន្ដថា អង្គភាពចំណុះក្រសួងបរិស្ថាន ក៏ត្រូវបន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល ព្រមទាំង បន្តពង្រឹងនិងសម្រួចគោលនយោបាយនិងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសេក្នុងការឆ្លើយតបទៅនឹងអាទិភាពនៃការងារប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាបនិងប្រកបដោយចីរភាព។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «បន្តពង្រឹងកិច្ច គាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាត ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។ បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែបនៃធនធានធម្មជាតិនិងជីវៈចម្រុះ មុខងារសេវា កម្មកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។ បន្តអភិវឌ្ឍសហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន»។

លោកណែនាំឱ្យបន្តជំរុញការងារអប់រំ បរិស្ថានដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន, ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ៕

To Top