ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២២ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១២២ករណី ថយចុះជាង ៥៤%

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ អាជ្ញាធរ បានធ្វើការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ១២២ករណី មានការថយចុះ៥៤,៦៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាឆ្លងរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ បានថ្លែងថា រយៈពេល ៩ខែ គ.ជ.ប.ជ បានសហការជាមួយអង្គការដៃគូ ធ្វើការផ្សព្វផ្សាយដោយផ្ទាល់តាមរយៈការលើកកម្ពស់ការយល់ដឹងស្តីពីការបង្ការ ទប់ស្កាត់ សរុបចំនួន ៩៤.៧២៩លើក មានអ្នកចូលរួមសរុបចំនួន ៤.០០៧.៣១៨នាក់។ បានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអេឡិចត្រូនិក បានចំនួន ៧៥.៤៣០លើក។

លោក បញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១២២ករណី (ធៀបនឹង ៩ខែ ឆ្នាំ២០២១ មានចំនួន២៦៩ករណី ថយចុះចំនួន ១៤៧ករណី) ស្នើនឹង ៥៤,៦៤%»។

លោក បន្ដថា រយៈពេល ៩ខែ ឆ្នាំ២០២២នេះ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២២នាក់ អនីតិជន ១៣នាក់ ក្នុងនោះជនសង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន ០៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិថៃ ១នាក់, វៀតណាម ០១នាក់ និងជនជានជាតិបង់ក្លាដេស ១នាក់។

ដោយឡែក សង្គ្រោះជនរងគ្រោះ ចំនួន ២៥៤នាក់ ក្នុងនោះ អាយុក្រោម ១៥ឆ្នាំ ១០០នាក់, អាយុ ១៥-១៧ឆ្នាំ ២៩នាក់ និងអាយុពី ១៨ឆ្នាំឡើង ១២៥នាក់ (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៣២នាក់ និងប្រគល់ឱ្យគ្រួសារ ២២២នាក់៕

To Top