ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ អាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវរួមសហការគ្នា ឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្ដាប់ធ្នាប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរៀងរាល់ខែ ដោយដាក់ទិសដៅ ឲ្យបានច្បាស់លាស់ និងត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អ ។

ការណែនាំរបស់អភិបាលរាជធានីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ នៅរសៀលថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវរួមគ្នាសហការ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាម និងធូលីចេញពីដងផ្លូវនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺcovid -19 ទាំងខណ្ឌ ទាំងសង្កាត់និងមន្ទីរពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃឬយប់ឡើយ រហូតទទួលបានជោគជ័យនិងបានបើកដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពីនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ covid -19 មានរយៈពេលមួយឆ្នាំគត់។

លោកឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរខណ្ឌ សង្កាត់ បន្តបំរើប្រជាពលរដ្ឋបន្ថែមទៀតពិសេស ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់ និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោត ឲ្យយើងនៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋ កាត់បន្ថយបាននូវភាពក្រីក្រ និងកាត់បន្ថយអំពើហឹង្សាផងដែរ។ ខណ្ឌ សង្កាត់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពន្ទុះច្រើន ឈាន់ទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកំពស់សេវាសង្គមជួយប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ និងជម្រុញបានអោយសង្កាត់ ខណ្ឌ ជម្រុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នានិងទាន់ពេល ៕

To Top