នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ទោះរងឥទ្ធិពលពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ក៏កម្ពុជាបន្តរក្សា បានស្ថិរភាពនយោបាយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីកម្ពុជា ទទួលរងឥទ្ធិពលជាអវិជ្ជមានពីសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើង ដោយជំងឺកូវីដ-១៩ ក៏កម្ពុជាបន្តរក្សា នូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមរដ្ឋ ដែលរក្សាបាននូវ សុខសន្តិភាព និងគ្មានអំពើភេវរកម្ម ។

សម្ដេច បញ្ជាក់ថា « កម្ពុជាសព្វថ្ងៃ បើទោះបីកម្ពុជាក៏ទទួលរងឥទ្ធិពល ជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហា បង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សា នូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។

សម្ដេច បន្ថែមថា ស្ថានភាពនេះ ក៏អាស្រ័យដោយកម្ពុជា បានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីពេលថ្មីនេះ និង បានអនុវត្តជោគជ័យ នយោបាយចាក់វ៉ាក់សាំង ដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ។

លើសពីនេះ សម្ដេច ស ខេង បានអំពាវនាវប្រជាពលរដ្ឋ គ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬមិនទាន់មានឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ បោះឆ្នោតនៅតាម ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗ គ្នាឬកែតម្រូវ ទិន្នន័យឈ្មោះរបស់ខ្លួន។ សម្ដេច ក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណបណ្ណផុត ឬជិតផុតសុពលភាព ប្រញាប់ទៅបំពេញ បែបបទធ្វើអត្តសញ្ញាណបណ្ណថ្មី តាមការណែនាំរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៕

To Top