ព័ត៌មានជាតិ

មេទ័ពជើងគោក កម្ពុជា-ថៃ បង្ហាញឆន្ទៈបន្តថែរក្សាទំនាក់ទំនង មិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា​និងនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ បានបង្ហាញនូវឆន្ទៈ ក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អ ក្នុងកម្រិតកងទ័ពជើងគោក។

ការបង្ហាញឆន្ទៈ នៃមេទ័ពជើងគោកទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នារដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងនៃប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្រាប់ទិសដៅទៅមុខ សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR” រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបាន ដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕

To Top