ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ស្នើអាស៊ាន បញ្ចេញសំឡេងអន្តរាគមន៍បញ្ចប់ជម្លោះ​អ៊ុយក្រែន​ និងរុស្ស៉ី

ភ្នំពេញ​៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានស្នើអាស៊ានត្រូវបញ្ចេញសំឡេង អន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់ នូវជម្លោះរវាង អ៊ុយក្រែននិងរុស្ស៉ី និងអនុញ្ញាតឱ្យមានការចាប់ផ្តើម ចចារដោយសន្តិវិធី និងតាមរយៈការទូត។

ការស្នើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន ឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាព ជូនថ្នាក់ដឹកនាំពិចារណា។
សកម្មភាពជាចម្បងៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច។

ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ក្នុងកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន អ្នកឧកញ៉ា បានដឹកនាំសមាជិក សមាជិកា ដែលសុទ្ធសឹងជាអ្នកធ្វើធុរកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ាន ចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

នៅក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកបង្ហាញនូវបញ្ហាមួយចំនួនដែលនាំការគំរាមកំហែងសម្រាប់ការធ្វើធុរកិច្ច។ បញ្ហាទាំងនោះ មានដូចជាសង្គ្រាមនៅអ៊ុយក្រែន, ការប្រែប្រួលអាកាសធាតុ, ការរាតត្បាតនៃជំងឺឆ្លង, វិបត្តិសេដ្ឋកិច្ចសកល, កំណើនអតិផរណា,បញ្ហារបស់មីយ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាដើម។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាន់យកនូវជំហរមជ្ឈភាពរបស់អាស៊ាន និងអាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានស្នើអាស៊ានត្រូវតែបន្តធ្វើជាចំណុចស្នូល សម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ដែលមានលក្ខណៈបើកចំហរ ស្មើភាព និងពហុភាគីប្រកបដោយការទទួលខុសត្រូវប្រកាន់ខ្ជាប់នូវវិធានច្បាប់ បន្តជំរុញកំណែទម្រង់បរិស្ថាន សង្គម និងអភិបាលកិច្ច តាមរបៀបយុត្តិធម៌ និងប្រកបដោយចីរភាពពិតប្រាកដ៕

To Top