ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីលក្ខណៈពិសេស សម្រាប់ក្រុមហ៊ុនហ្វីលីពីន ក្នុងការវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបប្រាប់ពី លក្ខណៈពិសេស សម្រាប់ក្រុមហ៊ុនហ្វីលីពីន ក្នុងការវិនិយោគ លើវិស័យស្រូវអង្ករនៅកម្ពុជា។

លក្ខណៈពិសេសទាំងនោះ រួមមាន៖

១/ ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ ១០០% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួត និងកិននាំចេញ ទៅប្រទេសហ្វីលីពីន ។
២/ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការ របស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញ ទៅប្រទេសហ្វីលីពីន ផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផល នៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។

ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ៕

To Top