ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី កម្ពុជា-ឡាវ ឯកភាព ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅលើ វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងថាមពល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ការឯកភាពនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាង ថ្នាក់ដឹកនាំទាំងពីរ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសលោកនាយករដ្ឋមន្រ្តីឡាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នៅក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។

ក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកន្លងមក ផងដែរ។

ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ៕

To Top