ព័ត៌មានជាតិ

ប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញចំណាប់អារម្មណ៍ ពីការរីកចម្រើន របស់កម្ពុជា និងមានបំណងបង្កើន កិច្ចសហការ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ ពីការមើលឃើញ នូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងមានបំណងចង់បង្កើនកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន។

ក្នុងជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ វិច្ឆិកា លោកសាស្ត្រាចារ្យ Klaus Schwab បានថ្លែងអំណរគុណដល់គណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសការរៀបចំដំណើរ បំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងយល់ អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា។ 

លោកសាស្ត្រាចារ្យ Klaus Schwab ក៏បានបង្ហាញចំណាប់អារម្មណ៍អំពីការមើលឃើញ នូវការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងមានបំណងចង់បង្កើនកិច្ចសហការ រវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង ជាពិសេសផ្ដោតសំខាន់ លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោកឱ្យមានភាពទូលំទូលាយបន្ថែមទៀត សម្រាប់បច្ចុប្បន្ន និងពេលអនាគត។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ ការចូលរួមរបស់កម្ពុជា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ៕

To Top