ព័ត៌មានជាតិ

៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ២លាននាក់

ភ្នំពេញ ៖ នាឱកាសថ្ងៃឈប់រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវចំនួន ២,៥៧៨,៨៣៨នាក់ ក្នុងនោះ ភ្ញៀវជាតិ ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៦៧៧នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា​បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួន។ បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុល នៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស។

រដ្ឋបាលរាជធានី-ខេត្ត គណៈបញ្ជាការឯកភាព និងមន្ទីរជំនាញបានចាត់តាំងកម្លាំងសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់ដោយកន្លែងក៏ដោយ៕

To Top