ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ដឹកនាំមន្ដ្រីជំនាញចុះអន្ដរាគមន៍បន្ទាន់ បិតផ្ចិតរក្សាទឹកទុកនៅអាងស្ទឹងជីនិត ក្នុងស្រុកបារាយណ៍ ដែលបាក់ដាច់ទំនប់បង្ហៀរ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីជំនាញចុះអន្ដរាគមន៍បន្ទាន់ ដើម្បីបិតផ្ចិតរក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា (អាងស្ទឹងជីនិត) ដែលបានហូរច្រោះបាក់ដាច់ ទំនប់បង្ហៀរ ប្រវែងប្រមាណ៥០ម៉ែត្រ ជម្រៅប្រហែល៤ម៉ែត្រ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងនោះក៏មានការចូលរួមពី លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តកំពង់ធំ, លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត, លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ, ខេត្តកំពង់ចាម និងខេត្តព្រៃវែង លោកអភិបាលស្រុកបារាយណ៍ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

សូមបញ្ជាក់ថា សំណង់ខាងលើនេះជាប្រភេទសំណង់ចាស់ តាំងពីជំនាន់ ប៉ុល ពត ហើយត្រូវបានជួសជុល និងកែលម្អសម្រាប់ប្រើប្រាស់ឡេីងវិញ នៅឆ្នាំ២០០៤ មានប្រវែង៧៥០ម៉ែត្រ។

ដោយស្ថានភាពទំនប់មានសភាពចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ២០២០ ដែលការជួសជុលនេះ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗ តែប៉ុណ្ណោះដោយរងចាំការធ្វើទំនើបកម្ម លេីប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលដេញថ្លៃ និងឈានទៅអនុវត្តក្នុងពេលឆាប់ៗ ខាងមុខនេះ ក្រោមហិរញ្ញប្បទានពី IAIP-ADB។ ការហូរច្រោះបាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈទេ តែបានបណ្តាលឲ្យទឹកស្រកនៅសល់កម្ពស់ធម្មតាស្មើមាត់ស្ទឹង។

ជាវិធានការចំពោះមុខ រដ្ឋមន្ត្រី លឹម គានហោ បានចាត់បញ្ជាឲ្យធ្វើប្រតិបត្តិការអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង និងពេលវេលាយ៉ាងយូរ៣ថ្ងៃ ដើម្បីជួសជុលបិតផ្ជិតទំនប់ឡើងវិញ រក្សាខ្ចប់វិចទឹកទុកក្នុងអាងស្ទឹងជីនិត (ជាអាងទឹកទទួលប្រភពទឹក ពីផ្ទៃរងទឹកភ្លៀងព្រៃឡង់នៅផ្នែកខ្លះ នៃខេត្តក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ) ឲ្យបានដូចដើមវិញ ក្នុងបរិមាណ៤០លានម៉ែត្រគូប៕

To Top