នយោបាយ

កម្ពុជា គ្មានបំណងផ្ដល់ជំនួយយោធា និងអាវុធឱ្យទៅអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងច្បាស់ៗថា កម្ពុជា គ្មានបំណងផ្ដល់ជំនួយយោធា អាវុធ និងគ្រាប់ ទៅឲ្យអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ីទេ ។

ការថ្លែងអះអាងរបស់ នាយករដ្ឋមន្ត្រីកម្ពុជា បែបនេះធ្វើឡើងបន្ទាប់ពីមាន មតិមួយចំនួនបានលើកឡើងថា កម្ពុជា គ្រោងបញ្ជូនកងទ័ព និងសព្វាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលជុំវិញ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី១៣ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្មានអាវុធ ឬគ្រាប់ ហើយក៏គ្មានចេតនា ដើម្បីនឹងបញ្ជូនអាវុធ ឬគ្រាប់ ទៅជួយប្រទេសណាទាំងអស់ យើងមិនយកសាំងទៅចាក់លើភ្លើងទេ នេះជាគោលការណ៍របស់យើង ។

សម្ដេចតេជោបញ្ជាក់ថា «បើទោះបីយើងមានអាវុធ គ្រាប់ ក៏យើងមិនបញ្ជូនទៅកាន់ប្រទេសណាទាំងអស់ ព្រោះយើងមិនលើកទឹកចិត្ត ឲ្យមានការបាញ់គ្នាទេ»

សម្ដេចបន្តថា អ្វីដែលយើងកំពុងខិតខំនេះ គឺក្នុងគោលដៅមនុស្សធម៌ ដោយយើងជាជនរងគ្រោះ ដោយសារគ្រាប់មីន ។ សម្ដេចថា ៣០ឆ្នាំហើយ ដែលយើងបានបើកប្រតិបត្តិការ នៃការដោះមីន ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះ យើងមិនទាន់អស់មីននៅឡើយទេ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងង់ថា «នេះមិនមែនមានន័យថា យើងផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនទេ ក៏ប៉ុន្តែនេះជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ទាក់ទិនជាមួយនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ​និងគ្រាប់មិនទាន់ផ្ទុះ» ៕

To Top