ព័ត៌មានជាតិ

ភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរដ្ឋាភិបាល​ នឹងជម្រុញទីក្រុងបាវិត ក្លាយជាតំបន់ ឧសស្សាហកម្មធំមួយ នាពេលអនាគត

ស្វាយរៀង៖​​ ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ក្រុងបាវិត ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួនបី ដែលរដ្ឋាភិបាលរៀបចំទីក្រុងនេះ ជាទីក្រុងឧស្សាហកម្ម។

បន្ទាប់ពីគោលនយោបាយជាតិ បានដាក់ចេញ ជាលទ្ឋផលក្រុងបាវិត បានរីកចម្រើន និងជាទីក្រុង ដែលទាក់ទាញការវិនិយោគ តំបន់ឧស្សាហកម្ម ច្រើនជាងគេនៅទូទាំងប្រទេស ដោយសារទីតាំងភូមិសាស្រ្ត ងាយស្រួលដឹកជញ្ជូន តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ របស់វៀតណាម ដោយសារជាតំបន់ មានមនុស្សរស់នៅច្រើន ដែលបង្កភាពងាយស្រួល ក្នុងការជ្រើសរើសកំលាំងពលកម្ម និងលក្ខខ័ណ្ឌអនុគ្រោះពន្ឋ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស មួយចំនួនទៀត។

ស្ថិតនៅចន្លោះទីក្រុងធំៗចំនួនពីរ គឺទីក្រុងហូ ជីម៉ិញដែលមានមនុស្សរស់នៅប្រមាណ៩លាននាក់ និងរាជធានីភ្នំពេញ ដែលមានប្រជាជនរស់នៅ ប្រមាណ៣លាននាក់ ទីក្រុងបាវិតកំពុងត្រៀម ពង្រីកសក្តានុពល បន្ថែមរបស់ខ្លួន តាមរយៈការតភ្ជាប់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ និងការតភ្ជាប់ផ្លូវល្បឿនលឿន ជាមួយប្រទេសវៀតណាមនាពេលអនាគត។

គំរោងនេះសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត គ្រោងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ជាមួយការចំណាយប្រាក់ជាង ១៦០០លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនChina Railway ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចាប់ផ្តើម និងត្រៀមផែនការដើម្បីបោះទុនវិនិយោគនៅទីក្រុងនេះ ដោយសារតំបន់នេះជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល និងដោយសារជាតំបន់ងាយស្រួលក្នុងការដឹកជញ្ជូនតភ្ជាប់ពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងឆ្ពោះទៅកាន់ប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងប្រទេសចិនផងដែរ។

លោកបន្តថា “នេះជាព៌តមានវិជ្ជមានខ្ញុំទទួលបាន ដែលអ្វីៗនឹងកើតមានឡើងនាពេលខាងមុខ”។ កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយដល់រដ្ឋាភិបាល ដើម្បីរៀបចំគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីលើកកំពស់គុណភាពជីវិត ប្រជាជននៅទីក្រុងនេះផងដែរ។

លោកChin Binតំណាងក្រុមហ៊ុនRoad& Sea China Construction Consulting Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីដើមសប្តាហ៍នេះថា អ្នកវិនិយោគចិនជាច្រើននឹងត្រលប់មកកម្ពុជាវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរួច ដោយពួកគេនឹងផ្តោតលើ វិស័យឧស្សាហកម្ម កសិកម្ម និងអចលនទ្រព្យ ដែលវិស័យទាំងនេះ នឹងជាអាទិភាពសម្រាប់ការវិនិយោគរបស់ចិន។

លោកបន្តថា “ទីក្រុងបាវិត ជាទីក្រុងមួយដែលពួកគេ កំពុងចាប់អារម្មណ៍ ខណៈក្រុងព្រះសីហនុស្ថិតក្នុងការពិចារណា ដោយសារវត្តមានអាគារជាប់គាំង ជាច្រើននៅទីក្រុងនេះ”។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានការវិវត្តន៍នៅក្នុងវិស័យអចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងនាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា ការរីកចម្រើនរបស់ទីក្រុងមួយ ឬតំបន់ណាមួយ វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ដែលវិនិយោគិនជាតិ អន្តរជាតិ តែងតែរត់តាមគោលនយោបាយជាតិ ដើម្បីស្វែងរកឱកាសវិនិយោគ បង្កើតប្រាក់ចំណេញរបស់ពួកគេ។

លោកបន្តថា “ទីក្រុងបាវិតនឹងរីកចម្រើនលឿន តម្លៃអចលនទ្រព្យនឹងហក់ឡើងខ្ពស់ ដោយសារតម្លៃដីធ្លីនៅទីក្រុងនេះ មានភាពសមរម្យនៅឡើយ ធៀបនឹងក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត”។ លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសមួយ អាស្រ័យលើគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល។ ដូចគ្នានេះដែរ ការរីកចម្រើនរបស់ទីក្រុងមួយ ក្រៅពីពឹងផ្អែកលើគោលនយបាយរបស់រដ្ឋាភិបាល ក៏ពឹងផ្អែកលើសក្តានុពលមូលដ្ឋានដែលមានស្រាប់ផងដែរ”។

លោកយិន លាងគង់បានបន្តថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ ប្រជាសាស្រ្ត និងភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មរបស់រដ្ឋាភិបាល នឹងលើកកំពស់មុខមាត់ និងជម្រុញការរីកចម្រើនទីក្រុងបាវិត កាន់តែលឿននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕ដោយៈ ស៊ីវ ម៉េង

To Top