ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន


ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ លោក Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។ 

ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោក ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបាន ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ៕

To Top