ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍តម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុក ១៥ ឆ្នាំ ពាក់ព័ន្ធ ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ

ភ្នំពេញ៖ បុរសជាប់ចោទម្នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីកាតម្កល់ទោស ជាប់គុក កំណត់ ១៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា គាត់បានចាប់ រំលោភសេពសន្ថវះទៅក្មេងស្រី ម្នាក់អាយុ ១២ឆ្នាំ ប្រព្រឹត្តនៅខេត្តកណ្ដាល កាលពីអំឡុងខែមីនា ឆ្នាំ២០០៦ រួចរត់គេចខ្លួន អស់រយៈជាច្រើនឆ្នាំ ។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ខាងលើនេះ មានឈ្មោះ សុខា ដារ៉ា ភេទប្រុស ៤៣ឆ្នាំ ។ ចំណែកឯ កុមារីរងគ្រោះមាន ឈ្មោះ ដាវិន អាយុ ១២ឆ្នាំ ។

លោកចៅក្រមថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សុខា ដារ៉ា ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពី ឆ្នាំ ២០០៨ ផ្តន្ទាទោស ដាក់គុក ១៥ ឆ្នាំ ពីបទ: រំលោភសេពសន្ថវ: មានស្ថានទម្ងន់។

តែគាត់បានប្តឹងទាស់មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ  ។

ជនជាប់ចោទ ឈ្មោះ សុខា ដារ៉ា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០០៩ នៅខេត្តកណ្ដាល តាមដីការបស់ តុលាការ និង ដោយយោងមបណ្តឹងរបស់ កុមារីរងគ្រោះ ៕

ដោយ: លីហ្សា

To Top