ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ផ្តាំឱ្យសិស្សខំរៀន​ និងចៀសឆ្ងាយទង្វើខុសច្បាប់

ភ្នំពេញ ៖ លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើអោយក្មួយៗ​ សិស្សានុសិស្សខិតខំក្រេបជញ្ជក់ ​ចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមអោយ ក្មួយៗប្រុងប្រយ័ត្ន គេចឲ្យឆ្ងាយពីសកម្មភាពមិនគប្បី និង ឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែង ស៊ីសង ការប្រព្រឹត្ត អំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្ត បទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុស ច្បាប់ផ្សេងៗ ដើម្បីអនាគតដ៏ភ្លឺថ្លាត្រចះត្រចង់ សមនឹងពាក្យស្លោក “ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ”។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ដល់សិស្សពូកែ​ សម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ ជាង៤០០០នាក់ នៅវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ នៅថ្ងៃទី០២ មករា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលក្នុងសម័យកាលនោះ បានបើកបវេសន កាលឲ្យសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំ សិក្សា១៩៧៩-១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅ រាជធានីភ្នំពេញ ហើយចាប់តាំង ពីពេលនោះមក រហូតដល់ពេល បច្ចុប្បន្ននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែណែនាំដល់ក្រសួងជំនាញ និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំពិធីបើកបវេសនកាល ជារៀងរាល់ឆ្នាំ ដោយហេតុថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយល់ដឹងយ៉ាងច្បាស់ អំពីតម្លៃនៃការអប់រំ និងបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន ៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។

លោក ឃួង ស្រេង បន្តថា ពិធីបើកបវេសនកាលនេះ ប្រព្រឹត្តទៅជាប្រក្រតី និងជាបវេសនកាល ឆ្នាំទី២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរ ការសកម្មភាព សេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញ លើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺផ្តើមចេញអំពីការដាក់ចេញ នូវយុទ្ធសាស្ត្រនិងវិធានការនានា ប្រកបដោយ ប្រសិទ្ធភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាម “អភិក្រមផ្ការីក” ទាំងដួសមូលដ្ឋាន និងដូសជំរុញ ចាក់ជូន ប្រជាពលរដ្ឋពោលគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តស្រោចស្រង់អាយុជីវិត ប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗ សិស្សានុសិស្សទាំងអស់ និងក្រុមគ្រួសារ ពីមាត់ជ្រោះ មរណៈនៃជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងនាមជាប្រធាន ប្ដូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយ ភាពជោគជ័យយ៉ាង ត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ទន្ទឹមគ្នា ទៅនឹងការចូលរួមយ៉ាងសកម្ម របស់បងប្អូន ប្រជាពលរដ្ឋ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និង ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ច ប្រជុំនៅរាជធានីភ្នំពេញ ដែលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ “សន្តិភាព” និងអ្វី ដែលជា “កម្ពុជាពិត” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យកិត្យានុភាព កម្ពុជា កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក ស័ក្តិសមបំផុតទៅនឹងការ ទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយ ជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ដែលវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ ។

លោកបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះប្រទេសកម្ពុជា នឹងត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាអាស៊ានប៉ារាំហ្គេម លើកទី១២ និងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែល សុទ្ធសឹងតែជាមុខមាត់ ជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញ គឺជាមូលដ្ឋានដ៏សំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៏ទាំងនេះ ដូច្នេះ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏ដូចជា គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមលក្ខណះ ខិតខំ ហ្វឹកហាត់ ដណ្ដើមជ័យលាភី នឹងចូលរួមអនុវត្តកិច្ចការទាំងឡាយ ដើម្បីគាំទ្រព្រឹត្តិការណ៏ទាំងអស់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ នៅគ្រប់ដំណាក់កាលទាំងអស់៕

To Top