ព័ត៌មានជាតិ

ចិន ប្ដេជ្ញាគាំទ្រតួនាទីរបស់ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ-១៩

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រតួនាទី របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្រួបបង្រួម និងប្រមូលផ្តុំ សហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត។

លោក Wang បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមករា លោក Ma Xiaowei ប្រធានគណៈកម្មការសុខភាពជាតិ របស់ប្រទេសចិន (NHC) បានថ្លែងទៅកាន់អគ្គនាយក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus តាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរទស្សនៈជាចម្បងលើស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន។

លោកបានលើកឡើងថា លោក Tedros បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ហើយបានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការរក្សាការផ្លាស់ប្តូរបច្ចេកទេសរយៈពេលវែង និងការចែករំលែកព័ត៌មាន និងទិន្នន័យរោគរាតត្បាតជាមួយអង្គការសុខភាពពិភពលោក។

លោកបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមបន្តពង្រឹងការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងជំងឺរាតត្បាត និងធ្វើការរួមគ្នា ដើម្បីការពារសន្តិសុខសុខភាពពិភពលោក។

ដោយកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរបស់ខ្លួនជាមួយ WHO លោក Wang បានលើកឡើងថាប្រទេសចិន គាំទ្រយ៉ាងសកម្មតួនាទីសម្របសម្រួលឈានមុខគេរបស់អង្គការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន WHO និងអគ្គនាយកលោក Tedros៕

ប្រែសម្រួល ឈូក បូរ៉ា

To Top