ព័ត៌មានជាតិ

អាជ្ញាធរ កំពុងស្វែងរក ជនបំពុលសង្គម លួចដាក់រូបលោក ប្រាជ្ញ ចន្ទ លើគណនី Facebook ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ របស់ គ.ជ.ប 

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិ បំពុលសង្គម ដែលលួចដាក់រូបលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប លើគណនី Facebook ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នកំពូល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

យោងតាមសចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នៅថ្ងៃទី២៧ មករានេះ ​បានឲ្យដឹងថា កន្លងមក គណនី Facebook អនាមិកឈ្មោះ “លោកចោរ ស្របច្បាប់” ដោយលួចដាក់រូបថត ប្រធានស្ថាប័ននៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) ដែលជាទង្វើអសីលធម៌ និង មិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង។

ពាក់ព័ន្ធករណីនេះ គ.ជ.ប ក៏បានអំពាវនាវ ជាឱឡារិកដល់សាធារណជន ឲ្យធ្វើការផ្សព្វផ្សាយព័ត៌មានប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លឺ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់ ៕

To Top