ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយ ជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពបំផុត

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយជា គោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពជាទីបំផុត ដោយសារកម្ពុជា មានសុខសន្តិភាព ពេញលេញ ។

នាឱកាសអញ្ជើញទទួលជួបលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រពៃរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌ សហប្រតិបត្តិការអន្តរជាតិ ។

សម្តេចបញ្ជាក់ថា «បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងកំពុងក្លាយជាគោលដៅ ទេសចរណ៍ ដ៏មានសុវត្ថិភាពជាទីបំផុត។

លើសពីនេះ សម្តេចមានជំនឿជឿជាក់ថា លោកឯកអគ្គរាជទូត នឹងធ្វើជាស្ពានចម្លង នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរ។ សម្តេច ក៏ត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ លោក ឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីក ចំណងមិត្តភាព និង កិច្ចសហប្រតិបតិ្តការ រវាងប្រជាជន និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដ៏ធំធេង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ឆ្លៀតឱកាសនោះដែរ លោកឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភា នៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់សម្រាប់ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ ព្រឹទ្ធសភា នៃប្រទេសទាំងពីរ ក៏មានក្រុមមិត្តភាព ទ្វេភាគីជាមួយគ្នាផងដែរ ។ តាមរយៈបេសកកម្មការទូត នៅកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់ តែល្អប្រសើរថែមទៀត ៕

To Top